ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន ដែលស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) នៅព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម ស៊ឹម វុទ្ធា អភិបាលរងខេត្តឧត្តរមានជ័យ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ជម្រាបជូនពីគោលបំណងនៃជំនួបពិភាក្សានាពេលនេះ គឺដើម្បីសួរសុខទុក្ខរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋានរបស់ខេត្តឧត្តរមានជ័យ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ប្រកបដោយក្តីនឹករលឹក។ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានកាន់តែទូលំទូលាយ ហើយត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន